ខេត្តកណ្តាលៈ រថយន្តធុនធំមួយគ្រឿងជាប្រភេទរថយន្តដឹកទំនិញបានបើកបោះពួយយ៉ាងលឿនជាន់ហ្វ្រាំងនៅលើស្ពានដែកបេឡេពេលមេឃកំពុងធ្លាក់ភ្លៀង បណ្តាលឲ្យរអិលរេចង្កូតទទឹងស្ពានបោកផ្ទុបម៉ូតូ១គ្រឿងធ្វើឲ្យអ្នកបើកបរម៉ូតូប៉ើងខ្ទាត់ទៅត្រូវជាមួយបង្កាន់ដៃស្ពាន ធ្លាក់ចូលទៅក្នុងទឹកព្រែកឈ្លក់ស្លាប់ភ្លាមៗមួយរំពេច រីឯអ្នករួមដំណើរជាមួយរងរបួសបែកក្បាល និងរលាត់ដៃជើងយ៉ាងដំណំផងដែរ ។ ដោយឡែកអ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនបានស្រមោល បន្ទាប់ពីឃើញមានមនុស្សស្លាប់និងរងរបួស ។
ករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះបានកើតឡើង កាលពីវេលាម៉ោង១៦ និង ៤០នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ ត្រង់ចំណុចស្ពានលេខ៦៦ ស្ថិតក្នុងភូមិកោះទាវ(ក) ឃុំសំពៅពូន ស្រុកកោះធំ ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកកោះធំបានឲ្យដឹងថា រថយន្តបង្កម៉ាកFUSOពណ៌ទឹកប្រាក់លាយត្រួយចេក ពាក់ស្លាកលេខភ្នំពេញ3B-3938ជាប្រភេទរថយន្តដឹកជញ្ជូនដែក ,ស៊ីម៉ងត៍ និងសម្ភារៈផ្សេងៗទៀត ពីព្រំដែនកម្ពុជា-វៀតណាមតាមច្រកទ្វារជ្រៃធំ ។ ចំណែកឯជនរងគ្រោះស្លាប់បាត់បង់ជីវិតនោះមានឈ្មោះ ព្រំ ប៉េងឡា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ បើកបររថយន្ត បានបើកបរម៉ូតូកូនទាម៉ាកហុងដាធូដាយ ពណ៌ក្រហម គ្មានស្លាកលេខ ដឹកក្មេងស្រីសិស្សសាលាឈ្មោះ ជឿន ស្រីម៉ៅ អាយុ១៤ឆ្នាំ (រងរបួសស្រាល) មានទីលំនៅក្នុងភូមិកោះទៀវ(ខ) ឃុំសំពៅពូន ស្រុកកោះធំ ជាមួយគ្នា ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះសាក្សីបានឃើញរថយន្តបង្កបើកបរយ៉ាងលឿនតាមបណ្តោយផ្លូវជាតិលេខ២១បេ ក្នុងទិសដៅពីត្បូងទៅជើង។ លុះបើកជិតដល់ចំណុចស្ពានលេខ៦៦ ជាស្ពានដែកបេឡេអ្នកបើកបររថយន្តមិនបន្ថយល្បឿននោះទេ ខណៈដល់លើស្ពានជាន់ហ្វ្រាំងស្របពេលមេឃកំពុងធ្លាក់ភ្លៀង បណ្តាលឲ្យរអិលរេចង្កូតទទឹងស្ពានបោកផ្ទុបម៉ូតូជនរងគ្រោះកំពុងបើកបរបញ្ច្រាសទិសគ្នាពេញមួយទំហឹង ធ្វើឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូបោកផ្ទុបជាមួយបង្កាន់ដៃស្ពាន ធ្លាក់ចូលទៅក្នុងទឹកព្រែកឈ្លក់ស្លាប់បាត់ខ្លួនជាង១ម៉ោងទើបរកសាកសពឃើញ រីឯក្មេងស្រីសិស្សសាលាដែលរួមដំណើរជាមួយរងរបួសស្រាល ។
បច្ចុប្បន្នរថយន្ត និង ម៉ូតូត្រូវបានសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ស្រុកធ្វើការវាស់វែងដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការតាមច្បាប់ ។ ចំណែកឯសាកសពជនរងគ្រោះត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ស្អាងជ័យ