ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ លោក ទូច គង្គា អនុប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជាចុះពង្រឹងឃុំដូងនិងក្រុមការងារ តំណាងឲ្យលោក ហុង វិណុល អនុប្រធានគណៈពង្រឹងស្រុករមាសហែក និងជាប្រធានគណៈពង្រឹងចុះជួយឃុំដូង បាននាំយកទេយ្យទាន និងទៀនវស្សា ព្រមទាំងមានជាគ្រឿងឧបភោគ បរិភោគ បច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៤វត្ត នៅក្នុងឃុំដូង ស្រុករមាសហែក ។ ក្នុងនោះរួមមាន វត្តឈើទាល វត្តដូង វត្តពោធិ៍សិរី និងវត្តជាធាជ។
ដោយឡែកវត្តចំនួនពីរទៀតគឺវត្តអង្គញ់ និងវត្តត្រពាំងស្លា ត្រូវបានលោក ហ៊ុន សុងពោ និងលោក ប៉ែន ច័ន្ទដារារិទ្ធ តំណាងអោយលោកប្រធានគណៈពង្រឹងឃុំដូងនាំយកទ័យទាន ទៀនវស្សា ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា។
គ្រឿងឧបភោគ បរិភោគ និងទេយ្យទានប្រគេនព្រះសង្ឃក្នុងមួយវត្តៗរួមមាន ទៀនព្រះវស្សា១គូ តែ ស្ករស ទឹកដោះគោ មីយើង ប្រេងម៉ាស៊ុត អង្ករ រួមទាំងបច្ច័យសរុបទាំង៦វត្ត អស់ចំនួន១១ ៦៤៩ ០០០រៀល។
គួររំលឹកថា ជាទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ព្រះសង្ឃតែងតែគង់ចាំព្រះវស្សារៀងរាល់រដូវមានរយៈពេល៣ខែ គឺចាប់ពីថ្ងៃទី១រោជ ខែអាសាឍ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា រហូតដល់ថ្ងៃទី១៥ កើត ពេញបូរណ៌មី ខែអស្សុជ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ៕
ដោយ៖ សុខ ខេមរា