ភ្នំពេញៈ នៅវិមានសន្តិភាព រសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត លោក William G. Lafferrandre តំណាងក្រុមហ៊ុន Conoco Phillips និងប្រតិភូក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាមេរិក-អាស៊ាន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ។
លោក William G. Lafferrandre បានជំរាបជូនសម្តេចតេជោ ហ៊ុន សែន ថា នៅពេលនេះ លោក បានដឹកនាំអ្នកធុរកិច្ច ធំៗ របស់អាមេរិក និងអាស៊ានមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរាបជូនសម្តេចអំពីវឌ្ឍនភាព នៃការធ្វើវិនិយោគនៅកម្ពុជា ក្នុងនោះ លោកតំណាងក្រុមហ៊ុន G .E បានគោរពជំរាបជូនសម្តេចថាក្រុមហ៊ុន របស់លោកបានប្តេជ្ញាចិត្តនឹងបន្តធ្វើការវិនិយោគនៅកម្ពុជាលើគ្រប់វិស័យទាំងអស់ ហើយនៅពេលនេះ ទៀត ការធ្វើវិនិយោគពាណិជ្ជកម្មនៅកម្ពុជានេះ គឺក្នុងន័យជាដៃគូរ ហើយកន្លងមក ក្រុមហ៊ុន G.E ក៏បានចូលរួមចំណែកក្នុងការជួយជំរុញ ការអភិវឌ្ឍ ប្រទេសកម្ពុជា កសាងសមត្ថភាព របស់កម្ពុជា ក៏ដូចជាជួយកម្ពុជា លើវិស័យទឹកស្អាតផងដែរ។
ក្រុម ហ៊ុន Viza ក៏បានអរគុណចំពោះសម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណៈ បរិយាកាសទីផ្សារដ៏ល្អមួយ ធ្វើឱ្យក្រុម Viza ជោគជ័យក្នុងរយៈពេល១០ឆ្នាំ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ចំណែក ក្រុមហ៊ុន Cocacola បានជំរាបជូនសម្តេចថា ក្រុមហ៊ុនកំពុងតែស្ថាបនាពង្រីកដាក់ទុនវិនិយោគ ប្រមាណ ១០០លានដុល្លាអាមេរិក ក្នុងការកសាងរោងចក្រ ហើយរោងចក្រនេះ នឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ និងបានគោរពអញ្ជើញសម្តេចដើម្បីសម្ពោធ នៅខែធ្នូ ខាងមុខនេះ ។ លោកតំណាងក្រុមហ៊ុនក៏បានថ្លែងអំណរគុណចំពោះសម្តេច និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់នូវការយោគយល់ និងគាំទ្រដល់ការវិយោគ របស់ ក្រុមហ៊ុន Cocacola ។ រីឯក្រុមហ៊ុន Ford ក៏បានថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជាផងដែរ ដែលបានបើកចំហបរិយាកាសវិនិយោគនៅកម្ពុជា ។ ក្រុមហ៊ុន Ford ពិតជាមានជំនឿជឿជាក់យ៉ាងខ្លាំងចំពោះ បរិយាកាសវិនិយោគនៅកម្ពុជា ។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានសំដែងនូវការរីករាយយ៉ាងខ្លាំង ចំពោះរបាយការណ៍វឌ្ឍនភាព របស់ក្រុមហ៊ុនទាំង៤ខាងលើ ហើយក៏សូមឱ្យបន្តជួយដល់ការកសាងសមត្ថភាពរបស់កម្ពុជា ហើយសម្តេចបានមានប្រសាសន៍ថា គ្មានប្រទេសណាដែលអាចធ្វើការអភិវឌ្ឍដោយគ្មានធនធានមនុស្សនោះទេ។ ទន្ទឹមនេះ សម្តេច ក៏បានអបអរសាទរចំពោះក្រុមហ៊ុន Cocacola ដែលបានពង្រីក រោងចក្ររបស់ខ្លួន ដែលត្រូវបញ្ចប់ក្នុងពេលឆាប់ៗ ហើយសម្តេចក៏បានអរគុណដល់បណ្តាក្រុមហ៊ុន ទាំងអស់ ដែលមានជំនឿទុកចិត្ត ក្នុងការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ សម្តេចបានមានប្រសាសន៍ដែរថា សព្វថ្ងៃនេះ កំណែទម្រង់នៅកម្ពុជាកំពុងតែទទួលបានផលជាបណ្តើរៗហើយកំណែទម្រង់ហិរញ្ញវត្ថុ សាធារណៈ ជាអាទិ៍ចំណូល គយក្នុង៦ខែ មកនេះ មានការកើនឡើង ជាង១៩% ហើយចំណូលពន្ធក៏មានការកើនឡើងជាង ១៨% ផងដែរ។ ចំណែកឯកំណែទម្រង់សាធារណៈ និងកំណែទម្រង់ដ៏ទៃទៀតក៏កំពុងតែផ្តល់ផលផងដែរ។ ដោយឡែក វិស័យកសិកម្មវិញ ទោះបីជាកម្ពុជា បានជួបនូវគ្រោះរាំងស្ងួតកន្លងមកក៏ដោយ ក៏ប្រជាកសិករយើងបានត្រៀមខ្លួនបានយ៉ាងល្អ ក្នុងការបង្ករបង្កើនផលក្នុងរដូវវស្សានេះ ហើយល្បឿនបង្កបង្កើនផលនោះសោតក៏កំពុងតែ មានការដាំដុះបានយ៉ាងល្អប្រសើរផងដែរ៕
ដោយ សីលា