កំពង់ឆ្នាំង ៖ យុវជនម្នាក់បានរងបួសធ្ងន់សន្លប់ស្តូកស្តឹង នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្ករឡើង ដោយរថយន្តកាមរីមួយគ្រឿងបុកម៉ូតូពេញមួយទំហឹង ។ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកតូយ៉ូតាកាមរី ពណ៌ស ធ្វើដំណើរយ៉ាងលឿនក្នុងទិសដៅពីជើងទៅត្បួង នៅពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូកូនទាមួយគ្រឿងជិះម្នាក់ឯងធ្វើដំណើរ ច្រាស់ទិសគ្នា និងបានបត់ទៅស្តាំរថយន្ត ហើយក៍ត្រូវរថយន្តបុកម៉ូតូពេញមួយទំហឹងតែម្តង បណ្តាលអោយអ្នកជិះម៉ូតូរងរបួសធ្ងន់សន្លប់ស្តូកស្តឹង ។
ក្រោយពេលកើតហេតុរថយន្តបង្កបានព្យាយាមបើករត់គេច តែត្រូវសមត្ថកិច្ចនគរបាលស្ទាក់បានចាប់ជាប់តែម្តង ។ ជនរងគ្រោះត្រូវបានដឹកមមកសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកមធ្យោយបាយបង្ករត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងកំពងឆ្នាំង ។
រហូតមកដល់ពេលនេះសមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំង មិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនោះទេ និង បានព្យាយាមលាក់បាំងអត្តសញ្ញាណម្ចាស់រថយន្តថែមទៀតផង ៕ ចន្ថា