រតនគិរីៈកម្លាំងសាខាពន្ធដារខេត្តសហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះធ្វើការឃាត់រថយន្តយីឌុបដឹកគ្រឿងសំណង់ខុសច្បាប់ចំនួន៣គ្រឿងនាំមកកាន់ស្នងការនគរបាលខេត្តដើម្បីបំពេញសំណុំបែបបទបន្តទៅតាមនិតីវិធីច្បាប់។ ហេតុការណ៍នេះធ្វើឡើងកាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចមុខដេប៉ូលក់គ្រឿងសំណង់ ស្ថិតក្នុងភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង។
លោកវរៈសេនីយ៍ឯក នូវ ដារ៉ា នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានអោយដឹងថា កម្លាំងរបស់លោកបានចុះធ្វើសហការជាមួយកម្លាំងសាខាពន្ធដារខេត្តដឹកនាំដោយលោកទុយ ស៊ីវិល ប្រធានសាខាពន្ធដារ ចុះធ្វើការត្រួតពិនិត្យទៅលើសហគ្រាសដេប៉ូលក់គ្រឿងសំណង់គ្រប់ប្រភេទដែលបានធ្វើចរាចរណ៍លក់ដូរគ្រឿងសំណង់នៅក្នុងខេត្តរតនគិរីទាំងមូល ដើម្បីទប់ស្កាត់ការដឹកជញ្ជូនការលក់ដូរគ្រឿងសំណង់គ្រប់ប្រភេទដែលអាជីវករមិនបានបង់ពន្ធជូនរដ្ឋ ធ្វើឲ្យបាត់បង់ចំណូលពន្ធរដ្ឋជាច្រើនក្នុង១ឆ្នាំៗនោះ។ រីឯប្រធានសាខាពន្ធដារខេត្តរតនគិរី លោកទុយ ស៊ីវិល បានមានប្រសាសន៍ថាកម្លាំងសាខាពន្ធដាររបស់លោកបានសហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តចុះធ្វើការត្រួតពិនិត្យរាល់សកម្មភាពដឹកជញ្ជូនក៏ដូចជាការលក់ដូរនៅគ្រឿងសំណង់ទាំងអស់ ដើម្បីអោយម្ចាស់សហគ្រាសក៏ដូចជាដេប៉ូលក់គ្រឿងសំណង់ទាំងនេះចូលរួមបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋអោយស្របទៅតាមគោលការរបស់រដ្ឋផងដែរ។ លោកបន្តថា ការចុះត្រួតពិនិត្យការដឹកជញ្ជូនទំនិញនៅពេលនេះគឺកម្លាំងរកឃើញរថយន្តប្រភេទយីឌុបចំនួន៣គ្រឿង ដែលបានដឹកគ្រឿងសំណង់ដោយប្រើវិក័យប័ត្រ ខុសលក្ខណៈបច្ចេកទេសដូច្នេះហើយកម្លាំងក៏ធ្វើការឃាត់រថយន្តទាំង៣គ្រឿងតែម្តង រថយន្តទី១ពាក់ស្លាកលេខកំពង់ចាម 3A2565 ក្បាលពណ៌ទឹកប៊ិច ទី២ ពាក់ស្លាកលេខភ្នំពេញ3C-0238 ពណ៌ស និងទី៣ រថយន្តម៉ាកHYUNDAI ហ៊ីយ៉ាន់ដាយ កង់ទីន័រ ពណ៌ខៀវខ្ចី ពាក់ស្លាកលេខភ្នំពេញ3A-8946រថយន្តយីឌុបទាំង៣គ្រឿងនេះគឺដឹកគ្រឿងសំណង់ស៊ីម៉ង់ត៌សុទ្ធម៉ាកហ្វីកូ ជាផលិតផលរបស់ប្រទេសវៀតណាមដឹកយកមកដាក់អោយសហគ្រាសរបស់លី ធាវី កន្លងមកសហគ្រាសលី ធាវី នេះបានចុះបញ្ជីនៅក្នុងរបបស្វ័យប្រកាសនៅខេត្តរតនគិរី ហើយបង់ពន្ធរាល់ខែរហូតមក តែក្រោយមកកម្លាំងរបស់សាខាពន្ធដារបានចុះត្រួតពិនិត្យនិងធ្វើការណែនាំអោយប្រើប្រាស់វិក័យប័ត្រទៅតាមការណែនាំរបស់អគ្គនាយកដ្ឋានពន្ធដារដែលបានតម្រូវអោយម្ចាស់សហគ្រាសក៏ដូចជាដេប៉ូទាំងអស់អនុវត្តតាមគោលការណ៍នេះ។ ក្រោយពីធ្វើការណែនាំម្ចាស់សហគ្រាសលី ធាវី នេះរួចហើយគេបានបិទទ្វារ តែសកម្មភាពរបស់គេនៅតែបន្តធ្វើអាជីវកម្មដដែល ដោយដូរឈ្មោះទៅជាពិសិដ្ឋ ទៅជាសុវណ្ណ វិញ តែទំនិញរបស់គេដែលបានចែកចាយបន្តទៅអោយប្រជាពលរដ្ឋនៅតែប្រើវិក័យវិប័ត្រ លី ធាវី ដដែល។ ចំណុចត្រង់នេះហើយទើបកម្លាំងសាខាពន្ធចុះធ្វើការឃាត់ទំនិញទាំងនេះសិន ដើម្បីអោយម្ចាស់ទំនិញទាំងនេះបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋផងដែរ។ លោកទុយ ស៊ីវិល បញ្ជាក់ទៀតថា ទំនិញដែលកម្លាំងសាខាពន្ធដាឃាតនៅពេលនេះគឺទំនិញនេះពុំមានវិក័យប័ត្រភ្ជាប់មកជាមួយអោយបានត្រឹមត្រូវទៅតាមច្បាប់នោះទេ ទើបកម្លាំងរបស់លោកធ្វើការឃាត់ទំនិញទាំងនេះទុកសិន ដើម្បីធ្វើការដោះស្រាយជាបន្តទៀត។ ទីតាំងលក់គ្រឿងសំណង់ទាំងពីរកន្លែងនេះទី១ឈ្មោះ ពិសិដ្ឋ និងទី២ឈ្មោះ សុវណ្ណ លក់គ្រឿងសំណង់គ្រប់ប្រភេទក្នុងភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
អ៊ុច សាវុទ្ធ