កំពង់ស្ពឺះ យុវជនដែលជាកម្មករសំណង់ម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុខណះដែលត្រឡប់មកពីទិញបាយហូបហើយយប់ផងនោះបានទៅយកឌុយខ្សែភ្លើងទៅដោតជាមួយព្រីភ្លើងដោយដៃសើមផងនោះបណ្តាលឲ្យឆក់ប្រកាច់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្តង។
ហេតុការណ៍ឆក់ខ្សែរភ្លើងខាងលើនេះភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧និង១០នាទីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅផ្ទះសង់ថ្មីក្នុង ភូមិរំលោងប្រឃ្លះ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
យុវជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេគ្រាន់តែដឹងថាមានអាយុជាង២០ឆ្នាំ កំពស់ប្រហែល១ម៉ែត្រ៦០ជាង សម្បុរខ្មៅស្រអែមសក់រួញអង្គារដី ស្លៀកខោខ្មៅជើងវែង ពាក់អាវដៃវែងពណ៌ប្រផេះ។
បើតាមសម្តីរបស់ម្ចាស់ផ្ទះឈ្មោះ ទី ធីតា ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរថៅកែហាងខារ៉ាអូខេ រស់នៅក្នុងភូមិរំលោងប្រឃ្លះ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺបាននិយាយឲ្យក្រុមអ្នកកាសែតដឹងថាយុវជនដែលឆក់ខ្សែរភ្លើងស្លាប់នេះគឺមិនដឹងមកពីភូមិ ឃុំ ស្រុក ខេត្តណានោះទេ បានមកសុំគាត់ធ្វើជាកម្មករសំណង់គ្រាន់បានបាយហូប ដោយយុវជនរងគ្រោះនោះនិយាយប្រាប់គាត់ថារូបគេ ឈ្មោះ សៅ រស់នៅម្តុំចោមចៅ មានប្រពន្ធហើយប៉ុន្តែរស់នៅេជាមួយគ្នាមិនកើតរូបគេក៏មករកការងារធ្វើនៅខេត្តកំពង់ស្ពឺតែម្តងទៅ ។
ប្រភពបានបន្តទៀតថាដោយមានការអាណិតអាសូរពេកគាត់ក៏បានអោយជួយធ្វើការជាមួយជាងផ្សេងទៀតដោយគាត់ជាអ្នកអោយលុយ ដោយក្នុង១ថ្ងៃ២ម៉ឺនរៀល ហើយទើបតែធ្វើបាន៥ -៦ថ្ងៃទេហើយមិនដែលដេកនៅកន្លែងធ្វើការនោះទេ។ទើបតែនៅយប់ថ្ងៃកើតហេតុនេះទេដោយមេឃភ្លៀងតាំងពីថ្ងៃមកម្លេះក៏នៅរហូតដល់ព្រលប់ម្តាយរបស់ម្ចាស់ផ្ទះ ឈ្មោះ ណៃ សាខន អាយុ៥៨ឆ្នាំបានដើរមកដល់ក៏ស្រាប់តែឃើញយុវជនរូបនោះត្រួវខ្សែរភ្លើងឆក់ហើយបានស្រែកឲ្យគាត់ជួយផងហើយក៏បាត់មាត់ឈឹងទៅ។ភ្លាមៗនោះម្តាយរបស់ម្ចាស់ផ្ទះបានស្រែកឲ្យអ្នកជិតខាងជួយប៉ុន្តែហួសពេលអស់ទៅហើយយុវជនរងគ្រោះបានស្លប់បាត់ទៅហើយ ទើបរាយការណ៍ទៅនគរបាលមូលដ្ឋានចុះមកដល់កន្លែងកើតហេតុដើម្បីពិនិត្យឃើញថាពិតជាបានស្លាប់ដោយឆក់ខ្សែរភ្លើងពិតប្រាកដមែន។ដោយរកសាច់ញាតិក្រុមគ្រួសារមិនទាន់ឃើញអាជ្ញាធរមូលដ្ឋានរួមនិងសមត្ថកិច្ចបានសម្រេចបញ្ចុះនៅក្នុងវត្តណាមួយក្រែងលោ សាច់ញាតិក្រុមគ្រួសារណាមានបាត់សមាជិក។
ជាចុងក្រោយនគរបាលខេត្តកំពង់ស្ពឺសូមអំពាវនាវដល់សាច់ញាតិក្រុមគ្រួសារណាដែលបានបាត់សមាជិកដែលមានភិនភាគដូចខាងលើសូមមកទំនាក់ទំនងជាមួយនគរបាលនៅខេត្តកំពង់ស្ពឺ ៕ សេនា សក្តិ