នាយឧត្តមសេនីយ៍ សៅ សុខា កសាងផ្លូវគ្រួសខ្សាច់ភ្នំប្រវែងជាង៧.៤០០ម៉ែត្រជូនប្រជាពលរដ្ឋ សង្កាត់ច្រកម្ទេស

ចែករំលែក៖

ខេត្តស្វាយរៀង៖ ផ្លូវក្រាលគ្រួសខ្សាច់ភ្នំមួយខ្សែមានប្រវែង៧.៤០០ម៉ែត្រចេញពីចំណុចផ្លូវជាតិលេខ១ ទៅដល់ព្រំដែនកម្ពុជា-វៀតណាម ច្រកម្ទេស ត្រូវបានកសាងស្ថាបនារួចរាល់ជាស្ថាពរ ជូនប្រជាពលរដ្ឋក្នុងភូមិព្រៃផ្តៅ ភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលជាអំណោយឧបត្ថម្ភថវិកាដោយផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។

លោក ហ៊ួត សាម៉ៃ ចៅសង្កាត់ច្រកម្ទេសបានប្រាប់នគរវត្តឲ្យដឹងថា នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធលើផ្ទៃប្រទេស លោកបានយកចិត្តទុកដាក់ គិតគូរខ្ពស់ ចំពោះការរស់នៅរបស់ប្រជាពលរដ្ឋ និងជួយកសាងនូវវិស័យគមនាគមន៍ ដូចជាផ្លូវក្រាលគ្រួសខ្សាច់ភ្នំដែលមានប្រវែង៧.៤០០ម៉ែត្រ គឺជាការបរិច្ចាគថវិកាផ្ទាល់ខ្លួនរបស់លោក ។ ការស្ថាបនាផ្លូវនេះផងដែរ គឺមានទទឹងប្រវែង១០ម៉ែត្រ ដាក់លូកាត់ផ្លូវ៦កន្លែង ដាក់លូចូលភូមិ៣កន្លែង និងស្តារប្រឡាយសម្រាប់រំដោះទឹកមានប្រវែងជិត២ពាន់ម៉ែត្រ រួមទាំងជួយស្ថាបនា កសាងផ្លូវចូលវត្តសាលាកណ្តាល ហៅវត្តធ្លក ប្រវែង៣០០ម៉ែត្រ តាមការបិណ្ឌបាត របស់ព្រះចៅអធិការវត្ត និងប្រជាពលរដ្ឋដែលជាពុទ្ធបរិស័ទចំណុះជើងវត្ត ។ 

លោក ហ៊ួត សាម៉ៃ បានបន្តថា ក្នុងនាមអាជ្ញាធរសង្កាត់ច្រកម្ទេស ក៏ដូចជាប្រជាពលរដ្ឋបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការយកចិត្តទុកដាក់ពីនាយឧត្តមសេនីយ៍ សៅ សុខា ដែលបានមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងកសាងស្ថាបនាផ្លូវមួយខ្សែខាងលើនេះ សម្រេចជាស្ថាពរជូនប្រជាពលរដ្ឋ ។

លោកចៅសង្កាត់ច្រកម្ទេសបានបញ្ជាក់ថា កន្លងទៅប្រជាពលរដ្ឋនៅក្នុងភូមិព្រៃផ្តៅ ភូមិធ្លក រួមទាំងប្រជាពលរដ្ឋនៅក្នុងឃុំមនោរម្យ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដែលបានធ្វើដំណើរឆ្លងកាត់ គឺពួកគាត់ជួបបញ្ហាលំបាកខ្លាំង ដោយផ្លូវ មានលក្ខណៈតូចចង្អៀត ពេលរដូវភ្លៀងដក់ទឹកភក់ជ្រាំ ក្រឡុក និងជង្ហក់ធំៗ ពិបាកធ្វើដំណើរទាំងជិះម៉ូតូ និងរថយន្តជាដើម ពិសេសចំពោះស្ត្រីដែលមានផ្ទៃពោះត្រូវឆ្លងទន្លេ មិនអាចដឹកតាមរថយន្ត ឬម៉ូតូចេញពីលំនៅឋានទៅកាន់មន្ទីរពេទ្យបាននោះទេ ដោយផ្លូវលំបាក ដូច្នេះ ក្រុមគ្រួសាររបស់គាត់ ត្រូវបង្ខំចិត្តសហការជាមួយនឹងបងប្អូនញាតិជិតខាងដាក់ជាអង្រឹងសែង ដើម្បីសុវត្ថិភាព បើទោះជាការធ្វើបែបនេះ ត្រូវចំណាយពេលរាប់ម៉ោងក៏ដោយ ។

លោកចៅសង្កាត់បានបន្តថា កន្លងទៅការធ្វើដំណើរពីក្នុងភូមិមកឡើងផ្លូវជាតិលេខ១ ឬពីផ្លូវជាតិលេខ១ទៅច្រកព្រំដែន ជិះម៉ូតូយ៉ាងតិច១ម៉ោង គ្រាន់តែចម្ងាយផ្លូវជាង៧គីឡូម៉ែត្រប៉ុណ្ណោះ ។ បច្ចុប្បន្ននេះ ពេលដែលនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានកសាងស្ថាបនាផ្លូវមួយខ្សែនេះ ជូនប្រជាពលរដ្ឋ គឺការធ្វើដំណើររបស់ពួកគាត់តែក្នុងរយៈពេលយ៉ាងច្រើន១០ទៅ១៥នាទីប៉ុណ្ណោះ ។ ម្យ៉ាងវិញទៀត ការស្ថាបនាផ្លូវមួយខ្សែនេះបានផ្តល់មធ្យោបាយយ៉ាងធំធេងឲ្យប្រជាពលរដ្ឋនៅក្នុងភូមិ ងាយស្រួលក្នុងការដឹកជញ្ជូនផលដំណាំរបស់ពួកគាត់ទៅកាន់ទីផ្សារ និងងាយស្រួលឲ្យកម្មករធ្វើដំណើរទៅធ្វើការនៅតាមបណ្តារោងចក្របានទាន់ពេលវេលា មិនតែប៉ុណ្ណោះ ពេលដែលផ្លូវមានលក្ខណៈល្អប្រសើរបែបនេះ ក្នុងនាមជាអាជ្ញាធរ លោកមានសង្ឃឹមថា មិនត្រឹមតែផ្តល់ភាពងាយស្រួលឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ និងដឹកផលដំណាំទៅកាន់ទីផ្សារប៉ុណ្ណោះទេ គឺនឹងអាចទាក់ទាញអ្នកវិនិយោគមករកស៊ី បង្កើតជាក្រុមហ៊ុន សហគ្រាស និងអាចស្រូបយកកម្លាំងពលកម្មក្នុងស្រុកឲ្យពលរដ្ឋខ្មែរមានការងារធ្វើ ដើម្បីដោះស្រាយស្ថានភាព ជីវភាពក្នុងការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ដូចអ្វីដែលជាទិសស្លោករបស់រាជរដ្ឋាភិបាល អនុវត្តយន្តការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននោះ ។

ប្រជាពលរដ្ឋមិនតិចជាង១ពាន់គ្រួសារ រស់នៅក្នុងសង្កាត់ច្រកម្ទេស រួមទាំងប្រជាពលរដ្ឋរស់នៅក្នុងឃុំមនោរម្យ ស្រុកស្វាយទាប ដែលតែងតែធ្វើដំណើរឆ្លងកាត់ផ្លូវមួយខ្សែខាងលើនេះ បានលើកឡើងពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ប្រមុខរាជរដ្ឋាភិបាល អាជ្ញាធរ ថ្នាក់ដឹកនាំមូលដ្ឋាន ពិសេសពួកគាត់បានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏សប្បុរសរបស់នាយឧត្តមសេនីយ៍ សៅ សុខា ដែលបានគិតគូរខ្ពស់ពីផលលំបាករបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរដោយឆ្លងកាត់ផ្លូវ ដ៏សែនលំបាកនេះ ។ 

លោក អ៊ុន ធឿន អាយុ៤៧ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងស្វាយរៀង ខេត្តស្វាយរៀង បាននិយាយយ៉ាងដូច្នេះផងដែរ កន្លងទៅ កុំថាឡើយតែខ្ញុំ សូម្បីតែប្រជាពលរដ្ឋទាំងអស់គ្នាពិតជាជួបការលំបាក ក្នុងការធ្វើដំណើរនោះយ៉ាងខ្លាំង គ្រាន់តែការធ្វើដំណើរដោយម៉ូតូទៅទិញទំនិញ និងសម្ភារផ្សេងៗនៅចំណុចព្រំដែន គឺម្នាក់ៗពិបាកក្នុងការធ្វើដំណើរតាមផ្លូវខាងលើនេះ ដូច្នេះម្នាក់ៗបានបង្ខំចិត្តជិះម៉ុតូវៀងតាមផ្លូវខាងក្រោយវត្តសាលាកណ្តាល តាមភ្លឺស្រែ តាមផ្លូវរទេះគោ ពេលភ្លៀងទឹកដក់ជាប់ផុង ពេលក្តៅ ហ៊ុយ ហើយចំពោះបញ្ហាស្រ្តីៗវិញ គឺពួកគាត់មិនអាចទៅជាដាច់ខាត ដោយស្ថានភាពផ្លូវលំបាកពេក ។ ប៉ុន្តែសព្វថ្ងៃនេះ ទាំងប្រពន្ធរបស់លោក រួមទាំងស្រ្តីដទៃទៀតគាត់អាចធ្វើដំណើរដោយម៉ូតូយ៉ាងស្រួលទៅកាន់ព្រំដែន ទៅកាន់ក្រុង ខេត្តស្វាយរៀង ដោយមិនចាំបាច់ប្រើពេលវេលា យូរដូចមុនទៀតឡើយ ៕ សុខ ខេមរា

...

   
    
    
    
 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print