ខេត្តរតនគិរី៖ រថយន្តក្រុងដឹកអ្នកដំណើររបស់វៀតណាមមួយគ្រឿងលួចដឹកឈើប្រណិតប្រភេទធ្នង់បង្កប់ក្រោមកៅអីខណៈកំពុងបើកបរលើកំណាត់ផ្លូវជាតិលេខ៧៨ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើថ្នាក់កណ្តាលសហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើផ្នែកបរកែវនិងកម្លាំងអាវុធហត្ថមូលដ្ឋានស្រុកបរកែវស្ទាក់ចាប់បានប្រគល់ឱ្យជំនាញ។ ការស្ទាក់បង្ក្រាបរថយន្តដឹកឈើបង្កប់នោះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង៨.១០នាទីព្រឹកថ្ងៃទី១១ខែធ្នូឆ្នាំ២០១៩ត្រង់ចំណុចភូមិគ្លិៈឃុំស៊ើងស្រុកបរកែវខេត្តរតនគិរី។ រថយន្តក្រុងវៀតណាមលួចដឹកឈើប្រណិតនោះពាក់ស្លាកលេខវៀតណាម៨១B-០០១-១៣មានទិសដៅចេញពីក្រុងបានលុងឆ្ពោះទៅប្រទេសវៀតណាម។ ក្រោយពីសមត្ថកិច្ចធ្វើការឆែកឆេរទៅរកឃើញឈើប្រណិតប្រភេទធ្នង់មានទម្ងន់៧៨០គីឡូក្រាមស្មើនឹង០,៥៧៧ម៉ែត្រគូប។ ក្នុងពេលសមត្ថកិច្ចស្ទាក់ប្ងក្រាបនោះអ្នកបើករថយន្តក្រុងដឹកបទល្មើសក៏ធ្វើការរត់គេចខ្លួនបាត់ភ្លាមៗដែរ។ តាមការពិនិត្យជាក់ស្តែងទៅឃើញថារថយន្តនេះជាប់ពាក់ព័ន្ធការប្រមូលនិងដឹកជញ្ជូនព្រៃឈើដោយប្រាសចាកពីច្បាប់ស្តីពីព្រៃឈើ។ ហើយរថយន្តក្រុងរបស់វៀតណាមមួយគ្រឿងនិងឈើប្រណិតប្រភេទធ្នុងខាងលើត្រូវបាននាំមករក្សាទុកនៅខ័ណ្ឌរដ្ឋបាលព្រៃឈើរតនគិរីចាត់ការបន្តតាមច្បាប់ព្រៃឈើ។ បើតាមការកត់សម្គាល់បើទោះបីសមត្ថកិច្ចជំនាញនិងស្ថាប័នពាក់ព័ន្ធខិតខំធ្វើការបង្ក្រាបការដឹកជញ្ជូនឈើយ៉ាងណាក្តីក៏ដោយក៏នៅតែមានក្រុមឈ្មួញខិលខូចនៅតែលួចធ្វើសកម្មភាពដឹកជញ្ជូនដោយមិនខ្លាចច្បាប់ដដែល។ ដូចជារថយន្តក្រុងវៀតណាមមួយគ្រឿងនេះដែលមានថៅកែជាជនជាតិវៀតណាមហើយបានលួចដឹកឈើចេញពីស្រុកខ្មែរក្រោមរូបភាពដឹកភ្ញៀវទេសចរណ៍បជាការន្លំភ្នែកមហាជននិងសមត្ថកិច្ច។ … អានបន្ថែម រថយន្តក្រុងវៀតណាមលួចដឹកឈើបង្កប់ក្រោមកៅអីភ្ញៀវត្រូវសមត្ថកិច្ចបង្ក្រាបបាន