ខេត្តរតនគីរី ៖ កម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័ត នៃរដ្ឋបាលព្រៃឈើ សហការណ៍ជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងសមត្ថកិច្ចមូលដ្ឋាន និងមានការសម្របសម្រួលនិតិវិធី ពីលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរតនគីរី កាលពីវេលាម៉ោង១០:៣០នាទីព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ នេះ បានចុះត្រួតពិនិត្យឆែកឆេរលំនៅដ្ឋាន មានម្ចាស់ឈ្មោះ ទ្រី អឹក ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ នៅភូមិកេត ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគីរី ដើម្បីរុករកបទល្មើសសត្វព្រៃ។ សមត្ថកិច្ចដែលចុះប្រតិបត្តិការ បានប្រាប់អោយដឹងថា បន្ទាប់ពីធ្វើការត្រួតពិនិត្យឆែកឆេរ ខាងក្នុងនិងក្រៅបរិវេណ លំនៅដ្ឋានឈ្មោះ ទ្រី អឹក ខាងលើ បានរកឃើញវត្ថុតាងបទល្មើសសត្វព្រៃ រួមមាន ក្បាលខ្ទីងជាប់ស្នែង ២ក្បាល. ស្បែកខ្លាឃ្មុំ ប្រភេទតូច២ផ្ទាំង(ស្ងួត) . ស្បែកខ្លាឃ្មុំ ប្រភេទធំ ១ផ្ទាំង(ស្ងួត) . សាច់ខ្ទីងស្រស់ ចំនួន៦៥គីឡូក្រាម .សាច់ប្រើសស្រស់ ១គីឡូក្រាម .ព្រមទាំងគ្រាប់កាំភ្លើងAK47 ចំនួន៣៦៨គ្រាប់ ចំណែកកាំភ្លើងAKមិនបានដកហូតនោះទេ ដោយសារមិនឃើញកាំភ្លើង។ ដោយពិនិត្យឃើញថា ការធ្វើសន្និដ្ឋាន សំណកសត្វព្រៃ និងគ្រាប់កាំភ្លើងខាងលើ ពុំមានលិខិតអនុញ្ញាតិពីរដ្ឋបាលព្រៃឈើ ក្រុមការងារ បានសម្រេច ធ្វើការដកហូតជាបណ្តោះអាសន្ន ដើម្បីចាត់ការតាមនិតិវិធីច្បាប់។ ដោយឡែកម្ចាស់លំនៅដ្ឋានឈ្មោះ ទ្រី អឹក ត្រូវក្រុមការងារស្នើរសុំទៅលោកព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តរតនគីរី ឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីបំពេញសំណុំរឿងតាមនិតិវិធីច្បាប់ព្រៃឈើ៕ … អានបន្ថែម សមត្ថកិច្ចចុះត្រួតពិនិត្យឆែកឆេរលំនៅដ្ឋានមួយកន្លែងករណីបរបាញ់សត្វព្រៃនៅស្រុកអណ្ដូងមាស